0
0
save
share

សម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ជួបពិភាក្សាគ្នាបន្ថែមទៀតទៅលើការពង្រីកនូវកិច្ចសហប្រតិបត្តិការ ទាំងក្របខណ្ឌសេដ្ឋកិច្ច និងក្របខណ្ឌនៃការកសាងហេដ្ឋារចនាសម្ព័ន្ធ

pageviews:27131
font size
-
18
+

នៅរដ្ឋធានីប៉េកាំង នៃ សាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃសុក្រទី២៦ ខែមិថុនា ឆ្នាំ២០២៦ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម ស៊ី ជីនពីង (Xi Jinping) អគ្គលេខាធិការ នៃគណបក្សកុម្មុយនីស្តចិន និងជាប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្ដេចតេជោ បានឱ្យដឹងថា នៅក្នុងជំនួបនោះ ឯកឧត្តម ស៊ី ជីនពីង បានសម្ដែងនូវការពេញចិត្ត និងរីករាយដែលបានរួមចំណែកក្នុងការកសាងទំនាក់ទំនងមិត្តភាពកម្ពុជា-ចិនឱ្យរឹងមាំដល់ពេលបច្ចុប្បន្ននេះ។ ឯកឧត្តមបានលើកឡើងថា ទំនាក់ទំនងកម្ពុជា និងចិនគឺមានភាពរឹងមាំដូចជាផ្ទាំងសិលាដូច្នេះដែរ។ ឯកឧត្តមប្រជាធិបតីក៏បានរំលឹកអំពីដំណើរទស្សនកិច្ចរបស់ឯកឧត្តមមកកាន់ប្រទេសកម្ពុជាកាលពីឆ្នាំ២០២៥ កន្លងទៅ ដែលបានជំរុញបន្ថែមទៀតនូវទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ ជាពិសេសគឺការអនុវត្តការកសាងនូវសហគមន៍ជោគវាសនារួមកម្ពុជា-ចិន គ្រប់រដូវកាលក្នុងយុគ្គសម័យថ្មី។

នៅក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការអរគុណចំពោះការបដិសណ្ឋារកិច្ចរបស់ឯកឧត្តមប្រធានាធិបតី ចំពោះសម្ដេចនិងគណៈប្រតិភូ។ សម្ដេចតេជោបានពេញចិត្តចំពោះការលើកឡើងរបស់ឯកឧត្តមប្រធានាធិបតីជុំវិញទំនាក់ទំនងកម្ពុជានិងចិន។ សម្ដេចបានលើកឡើងថា កម្ពុជា និងចិនគឺជាមិត្តដែកថែប ហើយបើទោះបីជាពិភពលោកមានការប្រែប្រួល និងអាកាសធាតុមានការប្រែប្រួលបែបណាក្តី តែមិត្តភាពរវាង កម្ពុជា-ចិន មិនមានការប្រែប្រួលឡើយ។ សម្ដេចតេជោបានលើកឡើងនៅចំពោះមុខ ឯកឧត្តម ស៊ី ជីនពីង ទៀតថា មិត្តភាពកម្ពុជា-ចិន ដែលកម្ពុជាចាត់ទុកចិនគឺជាមិត្តចាស់ ជាមិត្តពិត និងជាទីទុកចិត្តរបស់ប្រជាជនកម្ពុជា។

នៅក្នុងឱកាសនោះ ភាគីទាំងពីរក៏បានជជែកគ្នាបន្ថែមទៀតទៅលើការពង្រីកនូវកិច្ចសហប្រតិបត្តិការជាមួយគ្នា ទាំងក្របខណ្ឌសេដ្ឋកិច្ច និងក្របខណ្ឌនៃការកសាងហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសសម្ដេចតេជោបានស្នើដល់ចិនឱ្យបន្តគាំទ្រដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជាបន្តទៀត។

សម្ដេចបានលើកឡើងថា ការកសាងហេដ្ឋាចនាសម្ព័ន្ធក៏ដូចជាសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា មិនអាចខ្វះបានឡើយនូវតួនាទីរបស់ចិន ទន្ទឹមនឹងនោះ ភាគីទាំងពីរក៏បានពិភាក្សាគ្នាទាក់ទងទៅនឹងការពង្រឹងកិច្ចការនៅក្នុងក្របខណ្ឌពង្រឹងសន្តិសុខ រវាងប្រទេសទាំងពីរ ការផ្លាស់ប្ដូរនូវព័ត៌មានគ្នា និងការផ្លាស់ប្ដូរនៃដំណើរទស្សនកិច្ចរវាងប្រតិភូជាន់ខ្ពស់នៃប្រទេសទាំងពីរ។

ភាគីទាំងពីរក៏បានជជែកគ្នាទៅលើកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌគណបក្សនៃប្រទេសទាំងពីរ ដែលក្នុងដំណើរទស្សនកិចរបស់សម្ដេចតេជោនាពេលនេះ ក៏មានការ ចុះហត្ថលេខាលើអនុសរណៈយោគយល់គ្នារវាងគណបក្សប្រជាជនកម្ពុជា និងបក្សកុម្មុយនីស្តចិនផងដែរ ដែលជាផ្នែកដ៏សំខាន់ក្នុងការរុញច្រានទំនាក់ទំនង នៃកិច្ចសន្ទនានយោបាយនៅក្នុងក្របខណ្ឌគណបក្ស ការបណ្ដុះបណ្ដាលយុវជនរបស់គណបក្ស នៃប្រទេសទាំង២ឲ្យកាន់តែមានភាពសកម្មបន្ថែមទៀត។

បន្ថែមលើនេះ ភាគីទាំងពីរ ក៏បានជជែកគ្នាទៅលើបញ្ហាអន្តរជាតិមួយចំនួន ដែលបានកើតឡើង នាពេលបច្ចុប្បន្ននេះ ដែលស្ថានភាព នៃការប្រែប្រួលយ៉ាងឆាប់រហ័សនេះ តម្រូវឱ្យកម្ពុជា និងចិន ពួតដៃគ្នាបន្ថែមទៀត ក្នុងការសហការគ្នា និងការគាំទ្រគ្នាទៅវិញទៅមកនៅក្នុងឆាកអន្តរជាតិ ៕


editor:XIU YIN

comment0Please maintain a civil and rational discourse online and comply with the "News Commentary Service Agreement"

avatar
加载评论中...