0
0
收藏
分享

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចុះបំពេញទស្សនកិច្ចនៅមូលដ្ឋានក្រុមហ៊ុន Huawei ស្ថិតក្នុងទីក្រុងដុងហ្គ័ន ខេត្តក្វាងទុង សាធារណរដ្ឋប្រជាមានិតចិន

浏览量:38160
字号:
-
18
+

នាព្រឹកថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងឱកាសនៃការបន្តបេសកកម្មគោះទ្វារ ទាក់ទាញនិងជំរុញវិនិយោគនៅលើទឹកដីនៃខេត្តក្វាងទុង សាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល រួមជាមួយតំណាងវិស័យឯកជនកម្ពុជា ចុះបំពេញទស្សនកិច្ចនៅមូលដ្ឋានក្រុមហ៊ុន Huawei (Huawei Dongguan Campus) ស្ថិតក្នុងទីក្រុងដុងហ្គ័ន ខេត្តក្វាងទុង។

ទស្សនកិច្ចនាឱកាសនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីសិក្សាឈ្វេងយល់យ៉ាងស៊ីជម្រៅអំពី ការរីកចម្រើននៃបច្ចេកវិទ្យាចុងក្រោយការធ្វើបរិវត្តកម្មឌីជីថលនិង ដំណោះស្រាយបច្ចេកវិទ្យាវៃឆ្លាត របស់ក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនបច្ចេកវិទ្យានាំមុខគេមួយលើពិភពលោក។

ជាកិច្ចចាប់ផ្តើមនៃដំណើរទស្សនកិច្ច ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងគណៈប្រតិភូអមដំណើរ បានអញ្ជើញចូលទស្សនាសាលពិព័រណ៍ Descartes Exhibition Hall ដែលជាមជ្ឈមណ្ឌលបង្ហាញបច្ចេកវិទ្យាយុទ្ធសាស្ត្រ និងដំណោះស្រាយឌីជីថលជាន់ខ្ពស់របស់ Huawei។ នៅទីនោះ គណៈប្រតិភូបានពិនិត្យ និងសិក្សាអំពីបច្ចេកវិទ្យាទំនាក់ទំនងទូរគមនាគមន៍ជំនាន់ថ្មី ប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI) ដំណោះស្រាយសេវា Cloud ហេដ្ឋារចនាសម្ព័ន្ធទីក្រុងវៃឆ្លាត និងបច្ចេកវិទ្យាថាមពលបៃតង សម្រាប់គាំទ្រដល់ការអភិវឌ្ឍឧស្សាហកម្មឌីជីថល។

បន្តមក គណៈប្រតិភូកម្ពុជា បានអញ្ជើញធ្វើដំណើរទស្សនាតាមរថភ្លើងពិសេស (VIP Train Tour) ដើម្បីពិនិត្យមើលការរៀបចំមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) ព្រមទាំងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដ៏ទំនើបប្រកបដោយចីរភាព និងបរិស្ថានបៃតង នៅក្នុងបរិវេណក្រុមហ៊ុន Huawei។

បន្ទាប់ពីដំណើរទស្សនាតាមរថភ្លើងពិសេស គណៈប្រតិភូបានបន្តដំណើរទៅកាន់សាកលវិទ្យាល័យ Huawei ដែលជាមជ្ឈមណ្ឌលបណ្តុះបណ្តាលធនធានមនុស្ស និងអភិវឌ្ឍន៍សមត្ថភាពបច្ចេកវិទ្យាកម្រិតខ្ពស់ ដើម្បីពិភាក្សា និងឈ្វេងយល់អំពីការបណ្តុះបណ្តាលជំនាញឌីជីថល សម្រាប់រៀបចំកម្លាំងពលកម្មឱ្យឆ្លើយតបទៅនឹងយុគសម័យបដិវត្តន៍ឧស្សាហកម្ម ៤.០។

ទស្សនកិច្ចការទូតសេដ្ឋកិច្ចនាឱកាសនេះ បង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបើកទូលាយទទួលយកបច្ចេកវិទ្យានវានុវត្តន៍ និងការទាក់ទាញវិនិយោគិនលំដាប់អន្តរជាតិ ដើម្បីរុញច្រានការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៅកម្ពុជាឱ្យកាន់តែមានសន្ទុះខ្លាំងក្លា ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងកម្ពុជា និងចិនឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត៕

编辑:XIU YIN

评论0文明上网理性发言,请遵守《新闻评论服务协议》

avatar
加载评论中...